ម៉ុងត្រេអាល់៖ ៖ កាលពីរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានបន្តអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសម្លៀកបំពាក់(រូត) ដ៏ល្បីល្បាញលើពិភពលោក និងជួបសម្តែងការគួរសមព្រមទាំងពិភាក្សាការងារជាមួយ លោក Hugues Charbonneau ជាប្រធានក្រុមហ៊ុនផងដែរ។

ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរដែលជាវិស័យធំមួយនៅកម្ពុជា ខណៈដែល YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យនិងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រូត និងផលិតផលផ្សេងទៀតរបស់ខ្លួននៅកម្ពុជានាពេលខាងមុខ៕






